តើអ្នកមានដែលសុបិនចង់ឃើញរថយន្តអាចបើកបរដោយខ្លួនឯងបានដែរទេ? ដោយមានជំនួយពីយន្តការី មធ្យោបាយដឹកជញ្ជូនជាច្រើនអាចត្រូវបានជួសជុល និងកែលម្អ មានន័យថា គេអាចប្រើប្រាស់វាបានយូរ និងរឹតតែមានប្រសិទ្ធភាព។ ប្រសិនបើគ្មាននរណាម្នាក់ចេះពីរបៀបជួសជុលរថយន្តទេ គេនឹងបោះរថយន្តទាំងនោះចោលភ្លាមនៅពេលវាលែងដំណើរការ ដែលធ្វើឲ្យខាតបង់ធនធានដ៏មានតម្លៃ។
យន្តការីគឺជាអ្នកត្រួតពិនិត្យយានយន្ត និងផ្តល់ការថែទាំទាំង កម្រិតធម្មតានិងខ្ពស់។ យន្តការីឯកទេសលើម៉ូតូ រថយន្ត រថយន្តក្រុង គ្រឿងយន្តតាមកសិដ្ឋាន។ ពួកគេជួសជុល និងថែទាំផ្នែកខាងក្រៅ គ្រឿងម៉ាស៊ីន ប្រអប់លេខ ប្រាំង ប្រព័ន្ធបញ្ចុះកម្តៅនិងថែទាំ ប្រព័ន្ធបញ្ជារួមទាំងប្រព័ន្ធភ្លើង និងការងារផ្សេងៗទៀត។ យន្តការីក៏ធ្វើការថែទាំបង្ការជាមុន ដើម្បីធានាដល់សុវត្ថិភាពរបស់អ្នកបើកបរមុនពេលបញ្ហាណាមួយកើតឡើង។

DID YOU KNOW?
- The title of “Mechanic” can apply to almost anyone involved with the monitoring, installation, maintenance and repair of mechanical devices.
- As vehicle technology improves, new tools must be purchased to attend to these vehicles.
Content only available in English at this time.

អ្នកមើលការខុសត្រូវរោងជាង
ក្រុមហ៊ុន TATA International Cambodia
ជាងពីរឆ្នាំកន្លងទៅ ខ្ញុំបានបម្រើការងារនៅក្រុមហ៊ុន TATA International Cambodia ដែលផ្គត់ផ្គង់ត្រាក់ទ័រនៅលើទីផ្សារ។ បច្ចុប្បន្ន ខ្ញុំគឺជាអ្នកមើលការខុសត្រូវនៅរោងជាង។ មុនកាន់តួនាទីនេះ ខ្ញុំគឺជាជាងម៉ាស៊ីនធម្មតាម្នាក់ ដែលជួសជុលនិងថែទាំងរថយន្តត្រាក់ទ័រ អេស្កាវ៉ាទ័រនិងគ្រឿងយន្តធន់ធ្ងន់ផ្សេងៗទៀត។
ការប្តូរការងារមកធ្វើការនៅក្រុមហ៊ុន TATA International មានន័យខ្លាំងណាស់សម្រាប់ខ្ញុំ។ ក្រៅពីទទួលបានអត្ថប្រយោជន៍ការងារពីក្រុមហ៊ុនពហុជាតិ ខ្ញុំក៏មានគំនិតចង់ផ្តល់ឲ្យប្រទេសកម្ពុជានូវអ្វីដែលចាំបាច់ដូចជាគ្រឿងយន្តសម្រាប់វិស័យកសិកម្មជាដើម។ សំខាន់បំផុត ប្រទេសកម្ពុជាគឺជាប្រទេសកសិកម្ម។
ខ្ញុំមើលការខុសត្រូវរោងជាងត្រាក់ទ័រ ជាកន្លែងធ្វើការជួសជុលត្រាក់ទ័រ។ តួនាទីចម្បងរបស់ខ្ញុំនៅពេលនេះ គឺថែទាំត្រាក់ទ័រថ្មីនិងការប្រគល់ជូន មានន័យថា ធ្វើការត្រួតពិនិត្យមុនពេលប្រគល់ជូនអតិថិជន។ មានកិច្ចការជាច្រើននៅរោងជាង ហើយវាតែងតែខុសគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាអ្វីដែលខ្ញុំពេញចិត្តបំផុតនៅក្នុងការងាររបស់ខ្ញុំ។ ការធ្វើឲ្យប្រាកដថា អតិថិជនទទួលបានគ្រឿងយន្តស្របទៅតាមស្តង់ដារដែលចង់បាននិងទាន់ពេលវេលានោះ គឺជាបញ្ហាដែលខ្ញុំពេញចិត្តប្រឈមមុខដោះស្រាយរៀងរាល់ថ្ងៃ។
ដើម្បីពង្រឹងជំនាញរបស់ខ្ញុំ ខ្ញុំទទួលយកការបណ្តុះបណ្តាលនៅរោងចក្រត្រាក់ទ័រនៅប្រទេសឥណ្ឌាកាលពីឆ្នាំមុន។ ការធ្វើបែបនេះធ្វើឲ្យខ្ញុំអាចបង្កើនចំណេះដឹងអំពីត្រាក់ទ័រហើយពេលត្រឡប់មកវិញ ខ្ញុំអាចចែករំលែកចំណេះដឹងនេះជាមួយក្រុមការងាររបស់ខ្ញុំ ដើម្បីធ្វើឲ្យប្រាកដថា យើងទាំងអស់គ្នាមានចំណេះដឹងប្រហាក់ប្រហែលគ្នា ហើយអាចផ្តល់សេវាប្រសើរបំផុតតាមដែលអាចធ្វើទៅបាន។ ខ្ញុំជឿថា តាមរយៈការពង្រឹងសមត្ថភាពនៅកន្លែងធ្វើការងារ ខ្ញុំអាចបោះជំហានទៅមុខទៀតជាមួយនឹងអាជីពការងាររបស់ខ្ញុំជាមួយក្រុមហ៊ុននេះ។
សេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនហើយយើងអាចមើលឃើញថា សព្វថ្ងៃនេះ ក្រុមហ៊ុនរថយន្តនិងក្រុមហ៊ុនត្រាក់ទ័រជាច្រើនកំពុងចូលមក។ តម្រូវការជាងម៉ាស៊ីននិងអ្នកបច្ចេកទេសដែលមានសមត្ថភាពនឹងបន្តកើនឡើងហើយឱកាសសម្រាប់ពួកគេដើម្បីពង្រីកខ្លួននិងចាប់ផ្តើមបង្កើតរោងជាងផ្ទាល់ខ្លួនក៏ដូចគ្នាដែរ។ យោបល់របស់ខ្ញុំចំពោះអ្នកដែលចង់ក្លាយជាជាងម៉ាស៊ីនគឺ ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលបច្ចេកទេសត្រូវចងចាំទ្រឹស្តី ទទួលបទពិសោធន៍និងជំនាញដោយផ្ទាល់ ជម្នះបញ្ហាប្រឈមច្រើនតាមដែលអាចធ្វើទៅបាននិងពង្រឹងជំនាញភាសាអង់គ្លេសរបស់អ្នក។