តើអ្នកមានចាប់អារម្មណ៍លើឥទ្ធិលពលនៃសារធាតុគីមីផ្សេងៗទេ? តើអ្នកមានឆ្ងល់ថា នឹងមានអ្វីកើតឡើង ប្រសិនបើអ្នកផ្សំសារធាតុគីមីពីរ បី ឬបួនចូលគ្នា? ក្រៅពីការបង្កើតថាមពលប្រសើរជាងមុនរហូតដល់ថ្នាំសង្គ្រោះជីវិតមនុស្ស យើងអាចប្រើសារធាតុគីមី ដើម្បីជួយធ្វើឲ្យពិភពលោកនេះកាន់តែប្រសើរផងដែរ។
អ្នកគីមីវិទ្យា (ឱសថការី) ស្វែងរកវិធីដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយធ្វើការសិក្សាលើសារធាតុគីមី។ ពួកគេប្រើប្រាស់ចំណេះដឹងផ្នែកសារធាតុគីមីដើម្បីបង្កើតផលិតផលថ្មី ដូចជាថ្នាំពេទ្យ គ្រឿងសម្អាង និងប្រព័ន្ធសរីរាង្គសិប្បនិម្មិតថ្មី។ អ្នកគីមីវិទ្យាក៏មានតួនាទីសំខាន់នៅក្នុងឧស្សាហកម្មថាមពលផងដែរ ដោយធ្វើការងារលើដំណើរការសំយោគសារធាតុគីមីពីប្រេង ដើម្បីទទួលបានថាមពលប្រសើរបំផុតសម្រាប់ការប្រើប្រាស់និងកាត់បន្ថយជាតិពុល។ ស្របពេលជាមួយគ្នានោះដែរ អ្នកគីមីវិទ្យាមានតួនាទីសំខាន់ក្នុងការបង្កើតថ្នាំថ្មី ដោយត្រួតពិនិត្យមើលដំណើរអភិវឌ្ឍ និងការកំណត់ពីគុណភាពនិងស្ថេរភាពរបស់ថ្នាំទាំងនេះ។ អ្នកគីមីវិទ្យាក៏អាចធ្វើការងារនៅតាមឱសថស្ថាន ទីដែលពួកគេផ្តោតការយកចិត្តទុកដាក់លើការដាក់ថ្នាំនិងការប្រើថ្នាំប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ៕
DID YOU KNOW?
- In the 1800s, Coca-Cola was a cough syrup created by a pharmacist.
- Last year, the pharmaceutical industry grossed $85 billion around the world.
- The earliest recordings of pharmaceutical documentation date back 3,500 years and were found in Egypt. The records had information on 800 prescriptions mentioning 700 medications.
Content only available in English at this time.
ឱសថការី
មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
ខ្ញុំបានបញ្ចប់ការសិក្សាផ្នែកឱសថកាលពីឆ្នាំ២០១១ ហើយបានបម្រើការងារជាឱសថការីនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចាប់តាំងពីឆ្នាំ២០១២។ ដោយសារតែនេះជាមន្ទីរពេទ្យរដ្ឋ ដូច្នេះខ្ញុំត្រូវឆ្លងកាត់ការប្រឡងដែលរៀបចំដោយក្រសួងសុខាភិបាល។
មុនចាប់ផ្តើមការងារនេះ ខ្ញុំធ្លាប់បម្រើការងារជាតំណាងវេជ្ជសាស្ត្រនិងជាមន្ត្រីទទួលបន្ទុកផ្នែកត្រួតពិនិត្យនៅក្រុមហ៊ុន Medicom ជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារ និងផលិតផលឱសថ។ ការចង់ចេះចង់ដឹងផ្ទាល់ខ្លួនអំពីរបៀបដែលរដ្ឋាភិបាលដំណើរការមន្ទីរពេទ្យបានជំរុញទឹកចិត្តខ្ញុំឲ្យប្តូរទិសដៅហើយចូលរួមកម្មវិធីប្រឡងរបស់ក្រសួង។
ការទទួលខុសត្រូវរបស់ខ្ញុំសព្វថ្ងៃនេះគឺត្រូវបែងចែកថ្នាំឲ្យអ្នកជំងឺ និងគិលានុបដ្ឋាក រៀបចំរបាយការណ៍ គណនាបរិមាណថ្នាំដែលបើកចេញរៀងរាល់ថ្ងៃ គ្រប់គ្រងថ្នាំប្រចាំថ្ងៃ និងធ្វើសំណើរថ្នាំបន្ថែមរៀងរាល់បីខែម្តង។ ការងាររបស់ខ្ញុំផ្តល់ឱកាសឲ្យខ្ញុំបានប្រើប្រាស់ចំណេះដឹង គឺអ្វីដែលខ្ញុំបានសិក្សានៅសាកលវិទ្យាល័យ ហើយដែលជាផ្នែកសំខាន់បំផុតនៃការងារនេះ។
ដូចជាការងារផ្សេងៗទៀតដែរ ការងារប្រភេទនេះមានបញ្ហាប្រឈម។ ខ្ញុំត្រូវធ្វើឲ្យប្រាកដថា អ្នកជំងឺទទួលបានថ្នាំត្រឹមត្រូវ តាមវេជ្ជបញ្ជា និងប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ។ ជារឿយៗ ការទំនាក់ទំនងអាចមានការលំបាក ដោយសារតែយើងមិនអាចធានាថា អ្នកជំងឺនឹងយល់ព្រមធ្វើតាមការណែនាំរបស់យើង។
បម្រើការងារជាឱសថការីគឺធ្វើឲ្យអ្នកមានអារម្មណ៍រីករាយដែលការងារនេះភាគច្រើនដូចជាការងាររបស់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាកដែរ។ខ្ញុំមានឱកាសជួយធ្វើឲ្យសុខភាពរបស់អ្នកដទៃប្រសើរឡើង។ ខ្ញុំសូមណែនាំការងារនេះសម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ដឹងថា ថ្នាំដំណើរការយ៉ាងម៉េច។ ការងារជាឱសថការីក៏ទាមទារឲ្យមានការទទួលខុសត្រូវទាំងស្រុង មានជំនាញគ្រប់គ្រងរឹងមាំ និងការយកចិត្តទុកដាក់ ខ្ពស់ក្នុងការផ្តល់ព័ត៌មានអំពីឱសថ៕