តើអ្នកមានចាប់អារម្មណ៍អំពីមនុស្ស និងគំនិតរបស់ ពួកគេទេ? ការជួបប្រទះបញ្ហា និងព្រឹត្តិការណ៍ អ្វីមួយអាចមានឥទ្ធិពលលើសុខុមាលភាពផ្លូវចិត្តរបស់បុគ្គលម្នាក់ៗ។ អ្នកខ្លះជួបនូវពេលវេលាដ៏លំបាក ហើយពួកគេជម្នះទស្សនៈផ្ទាល់ខ្លួនព្រមទាំងទស្សនៈរបស់មិត្តភក្តិ និងសាច់ញាតិនៅជុំវិញខ្លួន។ តាមធម្មតា មានមូលហេតុដែលបុគ្គលម្នាក់បង្ហាញឥរិយាបថតាមរបៀបមួយផ្សេង។អ្នកចិត្តវិទ្យាសិក្សាអំពីចិត្តរបស់មនុស្ស។ ពួកគេធ្វើការវិភាគផ្លូវអារម្មណ៍ ដំណើរការសង្គម ឥរិយាបថ និងបុគ្គលិកលក្ខណៈរបស់មនុស្ស ដើម្បីស្វែងយល់អំពីទឹកចិត្តរបស់មនុស្ស។
ជារឿយៗ អ្នកចិត្តវិទ្យាធ្វើការពិសោធបែបសង្គម និងវិទ្យាសាស្ត្រ មនោវិភាគនិងចិត្តតិកិច្ឆា ដើម្បីប្រមូលនិងវាយតម្លៃ ទិន្នន័យ។ ពួកគេស្វែងរកគំរូ និងនិន្នាការដែលពន្យល់អំពីសកម្មភាព និងឥរិយាបថជាក់លាក់ដែលអាចឈានទៅរក
ការព្យាបាល អ្នកជំងឺដែលមានបញ្ហាស្រដៀងគ្នានេះ។ ពួកគេព្យាយាមធ្វើទំនាក់ទំនងជាមួយអ្នកជំងឺ និងបង្កើតនូវ សុខភាពផ្លូវចិត្តវិជ្ជមាន និងការលូតលាស់។ អ្នកចិត្តវិទ្យាអាច ធ្វើការងារជាមួយអ្នកជំងឺ មន្ទីរពេទ្យ សាលារៀន ក្រុមហ៊ុន
វិស័យយោធា ពន្ធនាគារ និងជាមួយវិស័យផ្សេងៗទៀត។
DID YOU KNOW?
- Psychologists have recognised well over 400 distinct phobias.
- Psychologists can specialise in different fields, such as Medical, Psychologist, Behavioral Psychologist, Educational Psychologist, Health Psychologist, Forensic Psychologist, Social Psychologist.
Content only available in English at this time.
អ្នកចិត្តវិទ្យា
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)
ខ្ញុំតែងប្រាថ្នាចង់ក្លាយជាអ្នកចិត្តវិទ្យាដំបូងគេបង្អស់នៅកម្ពុជា ហើយខ្ញុំបានចាប់ផ្តើមអាជីពរបស់ខ្ញុំក្នុងឆ្នាំ១៩៩៩ ដោយធ្វើការងារសម្រាប់ អង្គការ TPO។ ឆ្នាំ២០០០ ខ្ញុំទទួលបានបរិញ្ញាបត្រផ្នែកចិត្តវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបន្តការងារជាមួយអង្គការផ្សេងៗ ដូចជាអង្គការលីកាដូ អង្គការ World Vision និងអង្គការ Hagar International។ ឆ្នាំ២០១១ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត – សិល្បៈ ពីសាកលវិទ្យាល័យ De La Salle University នៅប្រទេសហ្វីលីពីន។ សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅអង្គការអន្តរជាតិទេសន្តរប្រវេសន៍ជាអ្នកចិត្តវិទ្យា ដែលធ្វើការងារជាមួយជនភៀសខ្លួន។ រយៈពេលពីរឆ្នាំ កន្លងទៅនេះ ខ្ញុំបានបម្រើការងារជាអ្នកពិគ្រោះយោបល់សម្រាប់កម្មវិធី Indigo Psychological Services Cambodian Children Fund ក្នុងចំណោមការងារផ្សេងៗទៀត។
ការទទួលខុសត្រូវរបស់ខ្ញុំមានច្រើនដូចជា ខ្ញុំត្រូវធ្វើការវាយតម្លៃបឋម ស្វែងរកលក្ខខណ្ឌសុខភាពផ្លូវចិត្តបន្ទាន់និងផ្តល់ការព្យាបាលដល់ ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ទើបមកដល់ថ្មី។ ខ្ញុំតាមដានករណីទាំងនោះ និងសម្របសម្រួលជាមួយក្រុមការងាររបស់អង្គការ IOM ដើម្បីធ្វើឲ្យប្រាកដថា តម្រូវការជាមូលដ្ឋានរបស់ជនភៀស ខ្លួនត្រូវបានឆ្លើយតប។ ខ្ញុំធានាចំពោះការសម្ងាត់នៃផ្នែកប្រឹក្សាចិត្តសាស្ត្រ ហើយខ្ញុំទទួលខុសត្រូវក្នុងការធ្វើឲ្យប្រាកដថា ការគាំពារផ្លូវចិត្តទូទៅសម្រាប់ជនភៀសខ្លួនទាំងអស់ស្របនឹងបទដ្ឋានរបស់អង្គការ IOM ក្នុងចំណោមចំណុចផ្សេងៗទៀត។
ពេលអនាគត ខ្ញុំមានគម្រោងបន្តថ្នាក់ PhD ផ្នែកចិត្តវិទ្យាគ្លីនិក និងចង់ចូលរួមជាមួយកម្មវិធីពិគ្រោះយោបល់តាមសាលារដ្ឋនៅប្រទេសកម្ពុជា ព្រមទាំងនៅតាមសាលាឯកជនផងដែរ។
ការងារនេះខុសប្លែកពីការងារភាគច្រើន។ អ្នកចិត្តវិទ្យា សំខាន់ត្រូវមាន ជំនាញទំនាក់ទំនងដ៏ល្អ និងការប្តេជ្ញាចិត្តចំពោះអ្នកជំងឺ។ អ្នកត្រូវធ្វើការងារជាមួយនឹងមនុស្សជាច្រើនដែលមានជាតិសាសន៍និងវប្បធម៌ ផ្សេងៗគ្នា ដូច្នេះការមានលទ្ធភាពធ្វើការងារចុះសម្រុងនឹងគ្នាគឺជារឿងសំខាន់។ បរិញ្ញាបត្រផ្នែកចិត្តវិទ្យាគឺគ្រប់គ្រាន់ហើយ ប៉ុន្តែកម្រិតអនុ-បណ្ឌិតគឺជាអាទិភាពមួយសម្រាប់ឱកាសការងាររបស់អ្នក។ អាជីពប្រភេទនេះនៅថ្មីថ្មោងនៅឡើយក្នុងប្រទេសកម្ពុជា ហើយខ្ញុំជឿថា នៅមានតម្រូវការអ្នកចិត្តវិទ្យាអាជីពច្រើនទៀត ដើម្បីគាំ ទ្រប្រជាជនកម្ពុជាដែលកំពុងប្រឈមនឹងបញ្ហាលំបាក៕