ដើម្បីឲ្យទីក្រុងមើលទៅស្រស់ស្អាតសំណង់ និងអាគារចាំបាច់ត្រូវតែស្រស់ស្អាត ហើយវាក៏ត្រូវតែអាចធន់នឹងគ្រប់លក្ខខណ្ឌអាកាសធាតុក្នុងរយៈពេលយូរផងដែរ។ តើអ្នកមានចង់កសាងអ្វីមួយដែលជាប់ធន់បានយូរអស់មួយជីវិតទេ?
វិស្វករសំណង់ស៊ីវិលបង្កើត និងប្រែក្លាយទិដ្ឋភាពទីក្រុងដែលយើងរស់នៅដោយរចនា អនុវត្តផ្ទាល់ កែលម្អ និងការពារអាគារនៅជុំវិញយើង។ ពួកគេមើលការខុសត្រូវរចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ មហាវិថី ស្ពាន ផ្លូវរថភ្លើង អាកាស យានដ្ឋាន ទំនប់ រោងចក្រផលិតទឹកស្អាត រោងចក្រអគ្គិសនី ប្រព័ន្ធលូ និងកំពង់ផែ។ គោលដៅចំបងមួយក្នុងគោលដៅចំបងរបស់ពួកគេគឺកសាងរចនាសម្ព័ន្ធឬសំណង់អាគារដែលអាចជាប់ធន់ច្រើនជំនាន់ ដោយគ្រាន់តែធ្វើការជួសជុល ដើម្បីរក្សាសភាពដើមរបស់វា។ វិស្វករសំណង់ស៊ីវិលមានពីរប្រភេទគឺជាប់កិច្ចសន្យា និងពិគ្រោះយោបល់។ ប្រភេទទី១ ណែនាំនិងរចនាគម្រោង ចំណែកប្រភេទទី២ អនុវត្តការរចនា និងទទួលខុសត្រូវការងារថែរក្សា។
DID YOU KNOW?
- The Great Pyramid of Giza (Egypt) is one of the earliest examples of civil
engineering. - Civil Engineers frequently work on complex projects, which involve
technical, economic, social and environmental factors.
Content only available in English at this time.
សហវិស្វករសំណង់ស៊ីវិល
ក្រុមហ៊ុនASMA Architects
ខ្ញុំបានចាប់ផ្តើមធ្វើការជាវិស្វករឯករាជ្យមួយរូបស្របពេលដែលខ្ញុំកំពុងសិក្សា មុខជំនាញវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នៅឡើយ។ ខ្ញុំបានចាប់ផ្តើមធ្វើការក្នុងគម្រោងរយៈពេលខ្លីៗរបស់ ក្រុមហ៊ុនជាច្រើន ជាពិសេសគម្រោងលំនៅដ្ឋាន និងភោជនីយដ្ឋាន។ ក្នុងឆ្នាំ 2013ខ្ញុំបានចាប់ផ្តើមធ្វើការជាវិស្វករគ្រោងសំណង់ ហើយបន្ទាប់មកទៀត ខ្ញុំក៏បានឡើងតំណែងជាសហវិស្វករសំណង់ស៊ីវិលនៅក្រុមហ៊ុន ASMA Architects រហូតមកទល់ពេលបច្ចុប្បន្ន។
នៅពេលខ្ញុំបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងវ័យ 18 ឆ្នាំ ខ្ញុំមិនបានដឹងច្បាស់ថា ខ្លួនឯងចង់ធ្វើអ្វីនោះទេ ប៉ុន្តែ ខ្ញុំបានដឹងថា ខ្លួនឯងចូលចិត្តមុខវិជ្ជា៖ គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា។ ពេលនោះ ITCជាសាកលវិទ្យាល័យតែមួយគត់ ដែលមានបង្រៀនជំនាញទាក់ទងនឹងមុខវិជ្ជាទាំងនេះ ដូច្នេះ ខ្ញុំបានសម្រេចចិត្តសិក្សាមុខវិជ្ជាដែលខ្ញុំចូលចិត្ត។ នេះគឺជារបៀបដែលខ្ញុំបានចាប់ផ្តើមអាជីពរបស់ខ្ញុំនាពេលបច្ចុប្បន្ន។
ក្រុមហ៊ុន ASMA Architects ផ្តល់ឱកាសដល់ខ្ញុំបានធ្វើការជាមួយវិស្វករ និងស្ថាបត្យករ ក្នុងការរិះរកវិធីអនុវត្ត និងគាំទ្រគំនិតរចនាថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិតដែលពួកយើងបានបង្កើតឡើង។ ការបង្កើតគំនិត និងរចនាប្លង់ថ្មីៗពីគម្រោងមួយទៅគម្រោងមួយទៀត ទាមទារឲ្យមានការប្រាស្រ័យទាក់ទង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ។ ការងាររបស់ខ្ញុំនាំឲ្យខ្ញុំរកឃើញដំណោះស្រាយ សម្រាប់បញ្ហាដែលស្ថាបត្យករអាចជួបប្រទះជាយូរមកហើយ។
ក្នុងដំណែងសហវិស្វករសំណង់ស៊ីវិល កិច្ចការរបស់ខ្ញុំផ្លាស់ប្តូររៀងរាល់ថ្ងៃ អាស្រ័យលើគម្រោង។ ខ្ញុំចំណាយពេលពិនិត្យគំនូរគ្រោងសំណង់ និងលេខគណនាឡើងវិញ។ ខ្ញុំចុះពិនិត្យការដ្ឋាន និងជួយដោះស្រាយ បញ្ហាគ្រោងសំណង់រៀងរាល់ថ្ងៃ។ ខ្ញុំជួយរៀបចំកិច្ចប្រជុំនៅការដ្ឋានជាប្រចាំថ្ងៃ និងកិច្ចប្រជុំជាមួយអតិថិជននៅក្នុងការិយាល័យ។ នៅពេលបញ្ហាគ្រោងសំណង់កើតឡើង ខ្ញុំតែងតែត្រឡប់ទៅពិនិត្យមើលទិន្នន័យមូលដ្ឋាន និងលេខគណនាគ្រោងសំណង ដើម្បីឲ្យដឹងច្បាស់ថា តើមានបញ្ហានៅត្រង់ណា។
អ្នកមិនអាចរីកចម្រើនបានទេ ប្រសិនបើអ្នកគ្រាន់តែធ្វើការដើម្បីតែប្រាក់។ ការសិក្សាគឺជាគន្លឹះក្នុងការអភិវឌ្ឍខ្លួនសម្រាប់ជីវិត។ ខ្ញុំជឿលើការចំណាយពេលសម្រាប់ការសិក្សាស្រាវជ្រាវ និងរៀនសូត្របន្ថែម។ ឧទាហរណ៍ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេលមួយឆ្នាំក្នុងមុខជំនាញហិរញ្ញវត្ថុ ដោយប្រើប្រាស់ពេលវេលាសម្រាកពីការងារ ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្ញុំ។ ស្របពេលជាមួយគ្នានេះដែរ ដើម្បីធ្វើការជាមួយវិស្វករអាជីពដែលមកពីទូទាំងពិភពលោក យើងត្រូវតែត្រៀមខ្លួនបង្កើត និងផ្លាស់ប្តូរគំនិត និងទស្សនៈ ទោះបីជាយើងមានស្តង់ដារផ្សេងៗគ្នាក៏ដោយ។
ក្រុមហ៊ុនភាគច្រើននឹងត្រូវការបុគ្គលិកដែលមានមូលដ្ឋានសិក្សាផ្នែកវិស្វកម្ម បើកចិត្តទូលាយ និងឆន្ទៈក្នុងការធ្វើដំណើរ (ការដ្ឋានមានទីតាំងផ្សេងៗគ្នាក្នុងខេត្តផ្សេងៗគ្នា)។ ក្នុងអាជីពជាវិស្វករសំណង់ស៊ីវិល អ្នកក៏ត្រូវមានគំនិតច្នៃប្រឌិតផងដែរ មិនមែនមានតែស្ថាបត្យករដែលរចនាអ្វីដែលថ្មីនោះទេ។