តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើកុំព្យូទ័ររបស់អ្នកលែងដំណើរការ?តើអ្នកអាចរស់បានទេ? តើមានរឿងអ្វី ប្រសិនបើកុំព្យូទ័រក្នុងក្រុមហ៊ុនរបស់អ្នកឈប់ដំណើរការទាំងអស់? តើអ្នកធ្វើដូចម្តេច? អ្នកបង្កើតកម្មវិធីសូហ្វវែ គឺជាមនុស្សដែលមហាជនត្រូវការសាកសួរជុំវិញបញ្ហាកុំព្យូទ័រនិងសូហ្វវែទាំងអស់។
អ្នកបង្កើតកម្មវិធីសូហ្វវែ ដែលត្រូវបានចាត់ទុកជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រផងដែរនោះ គឺជាអ្នកដែលធ្វើការងារពាក់ព័ន្ធនឹង
ផ្នែកព័ត៌មានវិទ្យា។ ពួកគេបង្កើត កម្មវិធីសម្រាប់យកទៅប្រើប្រាស់នៅតាមក្រុមហ៊ុន វិស័យយោធា អង្គភាពសាធារណៈ
និងស្ថាប័នផ្សេងៗទៀតដែលត្រូវការ។ការងាររបស់ពួកគេមានចាប់ពីរចនា អនុវត្តជាក់ស្តែង ដំឡើង និងគ្រប់គ្រងប្រព័ន្ធសូហ្វវែនៅតាមស្ថាប័ន ព្រមទាំងការគ្រប់គ្រងប្រព័ន្ធទូរស័ព្ទផងដែរ។ គោលដៅចម្បងរបស់ពួកគេគឺបង្កើតកម្មវិធីកុំព្យូទ័រ ដែលធ្វើឲ្យប្រព័ន្ធកុំព្យូទ័រដំណើរការព័ត៌មានក្នុងលក្ខណៈសមស្រប ដោយបង្ហាញដំណើរការពីដំណាក់ កាលមួយទៅដំណាក់កាលមួយយ៉ាងជាក់លាក់។ ពួកគេមានភាពស្ទាត់ជំនាញក្នុងការរៀបចំកម្មវិធីភាសាផ្សេងៗដូចជាកម្មវិធី Java កម្មវិធី XML និងកម្មវិធី C++ ។
DID YOU KNOW?
- Programmers spend approximately 30% of their time surfing the source code.
- Studies have shown that remote programmers have lower productivity than local programmers.
Content only available in English at this time.
អ្នកសរសេរកម្មវិធីជាន់ខ្ពស់
ក្រុមហ៊ុន KhmerDev
បច្ចេកវិទ្យានិងការសរសេរកម្មវិធីគឺជាការងារដែលខ្ញុំពេញចិត្ត ហេតុដូចនេះបានជាខ្ញុំស្រលាញ់ការធ្វើការក្នុងវិស័យពត៌មានវិទ្យា។ បច្ចុប្បន្នខ្ញុំគឺជាអ្នកសរសេរកម្មវិធីជាន់ខ្ពស់នៅ KhmerDev អស់រយៈពេលជាងមួយឆ្នាំហើយ។
កាលពីឆ្នាំ២០១០ ខ្ញុំចាប់ផ្តើមធ្វើការងារជាអ្នកគ្រប់គ្រងនៅហាងអ៊ីនធើណិតកាហ្វេមួយ ជាការងារក្រៅម៉ោងមុនពេលខ្ញុំចូលបម្រើការងារជា អ្នកបង្កើតកម្មវិធីនិងជាប្រធានក្រុមគាំទ្របច្ចេកទេសនៅក្រុមហ៊ុន BnD Solutions ក្នុងឆ្នាំ២០១១។ ខ្ញុំបានទទួលតំណែងជាបន្តបន្ទាប់នៅក្នុងក្រុមហ៊ុននេះ រហូតក្លាយជាអ្នកសរសេរកម្មវិធីជាន់ខ្ពស់នៅក្រុមហ៊ុន Atmosphere Technology Co., Ltd ក្នុងឆ្នាំ២០១៣។
ក្នុងតួនាទីជាអ្នកសរសេរកម្មវិធី យើងជួបប្រទះបញ្ហាថ្មីៗដែលត្រូវដោះស្រាយរៀងរាល់ថ្ងៃ ដូចជាកែកំហុសកម្មវិធីកុំព្យូទ័រ ដោះកូដរបស់អ្នកដទៃ ទំនាក់ទំនង និងស្វែងយល់ពីអ្វីដែលអតិថិជនចង់បាន។ ជាងនេះទៅទៀត បច្ចេកទេសប្រែប្រួលឥតឈប់ឈរ និងត្រូវសម្រប ខ្លួនទៅនឹងភាសាកម្មវិធីជាបន្តបន្ទាប់ មានន័យថា យើងត្រូវតែនាំមុខអ្វីៗគ្រប់យ៉ាងហើយមិនអាចនៅយឺតយ៉ាវបានទេ។ យើងសម្របខ្លួនជាបន្តបន្ទាប់និងព្យាយាមកែលម្អ ពីព្រោះនេះគឺជាឧស្សាហកម្មដែលមានឱកាសលូតលាស់ឥតឈប់ឈរ។ បដិវត្តបច្ចេកវិទ្យាជាបន្តបន្ទាប់គឺជាមូលហេតុដែលធ្វើឲ្យការងារនេះកាន់តែគួរឲ្យចាប់អារម្មណ៍។
ចំណុចមួយក្នុងចំណោមចំណុចល្អបំផុតដើម្បីក្លាយជាអ្នកសរសេរកម្មវិធី គឺ ស្របពេលដែលក្រុមហ៊ុនជាទូទៅត្រូវការបរិញ្ញាបត្រផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រឬសរសេរកម្មវិធីនោះ ក្រុមហ៊ុនមួយចំនួនទៀតប្រើប្រាស់បុគ្គលិកដែលមានត្រឹមវិញ្ញាបនបត្រ ឬបរិញ្ញាបត្ររងប៉ុណ្ណោះ។ សំខាន់គឺបទពិសោធ។ ត្រូវស្វែងរកបទពិសោធន៍ឲ្យបានច្រើនតាម ដែលអាចធ្វើទៅបាន ទោះបីជាអ្នករៀនពីនរណាក៏ដោយ។ ប្រសិនបើអ្នកចង់ធ្វើការងារនៅក្នុងវិស័យនេះ យោបល់របស់ខ្ញុំគឺថា អ្នកគួរតែត្រៀមខ្លួនជាមុន ត្រូវស្គាល់ពីការងារនិងក្រុមហ៊ុនដែលអ្នកទាក់ទង។ សំខាន់បំផុត ត្រៀមខ្លួនពន្យល់ថា ហេតុអ្វីបានជាអ្នកគឺជាបេក្ខភាពឆ្នើមបំផុតសម្រាប់ការងារនេះ។ ចាប់ផ្តើមសរសេរកូដ ប្រឡូកក្នុងបច្ចេកវិទ្យា និងធ្វើខ្លួនជាអ្នកដោះស្រាយបញ្ហា។ប្រសិនបើពេញចិត្តនឹងបច្ចេកវិទ្យា និងធ្វើការងារលើកូដមួយជំហានម្តងមួយជំហានម្តងដើម្បីជួយឲ្យអាជីវកម្ម ដំណើរការទៅមុខដោយមានប្រសិទ្ធភាពនោះ នេះគឺជាការងារសម្រាប់អ្នក។ សម្រាប់ខ្ញុំ ខ្ញុំជឿជាក់ថា ជាមួយនឹងបទពិសោធនិងចំណេះដឹងបច្ចុប្បន្នរបស់ខ្ញុំ ខ្ញុំអាចធ្វើជានាយកគម្រោងឬបំពេញតួនាទីជាប្រធានក្រុមបច្ចេកទេសបាន៕